គន្លឹះជីវិត សុភមង្គល

តើធ្វើដូចម្តេចដើម្បីបញ្ឈប់ការព្រួយបារម្ភ?

តើធ្វើដូចម្តេចដើម្បីបញ្ឈប់ការព្រួយបារម្ភ?

ស្ទើរតែគ្រប់គ្នាមានការព្រួយបារម្ភ។ ប៉ុន្ដែការព្រួយបារម្ភច្រើនពេក អាចនាំឱ្យលោកអ្នកធ្វើអ្វីៗ មិនបានលទ្ធផលល្អ មានជម្ងឺច្រើន ចាស់មុនអាយុ និងមិនសូវសប្បាយរីករាយក្នុងជីវិត។ វាអាចធ្វើឱ្យអ្នកពិបាកគេង និងធ្វើឲ្យអ្នកគិតពីរឿងអវិជ្ជមានច្រើន។ បើណ្តោយឲ្យមានការព្រួយបារម្ភនេះមានរយៈពេលយូរៗទៅ វាគឺជាទម្លាប់ដែលពិបាក នឹងកែរប្រែណាស់។  ដើម្បីជួយអស់លោកអ្នកកាត់បន្ថយការព្រួយបារម្ភជ្រុល និងទទួលបានសុភមង្គលក្នុងជីវិតរបស់អ្នក គេហទំព័រ ហូបបាយ www.hopbuys.com នឹងលើយកគន្លឹះសំខាន់ៗមួយចំនួ​នដូចខាងក្រោម៖

ចេះពន្យាពេលការព្រួយបារម្ភ៖ អ្នកត្រូវប្រាប់ខ្លួនឯងថា ខ្ញុំនឹងគិតពីរឿងនេះនៅពេលក្រោយ ឬពេលណាមួយដែលខ្ញុំមានអារម្មណ៍ល្អ ។

ជជែកអំពីការព្រួយបារម្ភរបស់អ្នក៖ ការជជែក ឬបាននិយាយចេញពីការព្រួបារម្ភរបស់អ្នក ទៅកាន់មិត្តភក្តិដែលជឿទុកចិត្តបំផុត ឬទៅកាន់អ្នកផ្តល់ប្រឹក្សាយោបល់ ពិតជាអាចធ្វើឲ្យយើងបានធូរទ្រូងច្រើន ព្រមទាំងអាចរកឃើញដំណោះស្រាយថ្មីៗទៀតផង។

មិនត្រូវចំណាយពេលច្រើនលើប្រព័ន្ធទំនាក់ទំនងសង្គមពេកទេ៖  តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា មនុស្សមួយចំនួនដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក បានប្រៀបធៀបគុណវិបត្តិខ្លួនមានទៅនិងគុណសម្បត្តិអ្នកដទៃ រួចពិបាកចិត្ត និងមិនអាចបន្ធូរអារម្មណ៍បាន។

សូមធ្វើខ្លួនឲ្យរវល់៖ ជួនកាល នៅពេលដែលយើងរវល់នឹងការងារ យើងអាចបំភ្លេចនូវការព្រួយបារម្ភបានមួយរយៈពេលដែរ។ បើចង់បំភ្លេចអ្វីមួយ ចូរអ្នកកុំគិតអំពីវា ឬព្យាយាមគិតថា អ្នកត្រូវតែបំភ្លេចវា នោះលទ្ធផលគឺលោកអ្នកកាន់តែគិតខ្លាំងជាងមុនទៅទៀត។

ធ្វើការហាត់ប្រាណខ្លះ៖ ការហាត់ប្រាណ មិនត្រឹមតែល្អសម្រាប់រាងកាយប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយ ការព្រួយបារម្ភផងដែរ។

ដកដង្ហើមឲ្យវែងៗ៖ ការដកដង្ហើមឲ្យបានវែងៗយឺតៗ ធ្វើឱ្យសរសៃប្រសាទ អាចកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភបាន។ មានវិធីសាស្រ្តដកដង្ហើមមួយគឺ “4-7-8” នៅពេលដែលមានការព្រួយបារម្ភ។ ស្រូបដង្ហើមចូលតាមច្រមុះឲ្យអស់ ទប់ដង្ហើមរបស់អ្នកឲ្យបានប្រាំពីរវិនាទី ហើយបញ្ចេញតាម មាត់របស់អ្នក ធ្វើដូចនេះឲ្យបានប្រាំបីដង។

សាកល្បងធ្វើសមាធិ៖ ការស្រាវជ្រាវវេជ្ជសាស្ត្របានបង្ហាញថាការធ្វើសមាធិ ជួយដល់ខួរក្បាលកាត់ស្ងប់ល្អ បន្ថយការព្រួយបារម្ភ។ វាពិតជាមានប្រយោជន៍ច្រើនណាស់។

រៀនទទួលស្គាល់ការពិត និងបន្តដំណើរទៅមុខទៀត៖ កាន់តែព្យាយាមទប់ស្កាត់ការព្រួយបារម្ភ វាកាន់តែធ្វើឱ្យយើងព្រួយថែមមួយកំរឹតទៀត! ដូច្នេះត្រូវទទួលស្គាល់ការពិត ឬការលំបាកនេះ ដោយគិតថាជីវិតគឺវាមានទុក្ខអញ្ចឹង ហើយព្យាយាមបន្តដំណើរទៅមុខទៀតទៅ។ កុំបាក់ទឹកចិត្តអី!

ត្រូវដឹងពីប្រភេទនៃការព្រួយបារម្ភរបស់អ្នក៖ នៅពេលអ្នកគិតអំពីការព្រួយបារម្ភ វិធីដ៏ល្អមួយ គឺចាត់ថ្នាក់រឿងទាំងនោះដូចខាងេ្រកាម

  • តើបញ្ហានេះ អ្នកអាចដោះស្រាយបាន ឬអត់? ប្រសិនបើអ្នកគិតថា អ្នកអាចដោះស្រាយបាន ត្រូវរៀបចំផែនការសំរាប់ដោះស្រាយវាទៅ នោះអ្នកនឹងលែងបារម្ភទៀតហើយ។ ប៉ុន្តែបើអ្នកមិនអាចដោះបានទេ ត្រូវតែទទួលយកវា ឬដោះស្រាយបានប៉ុណ្ណា យកប៉ុណ្ណឹងទៅ កុំបារម្ភពេកអី។
  • តើការព្រួបារម្ភនេះ វាអាចកើតឡើង ឬមិនអាចនឹងកើតឡើងទេ? បើការបារម្ភនេះ អាចនឹងកើតឡើង ច្បាស់ណាស់យើងនឹងដោះស្រាយ តែបើវាមិនកើតឡើងផង សូមកុំគិតទៀតអី បោះវាចោលទៅ កុំបន្តគិតនាំតែសៅហ្មងក្នុងចិត្ត។
  • តើការព្រួយបារម្ភនេះ ពិតជារឿងអាក្រក់ ឬមិនមែនទេ? រឿងជាច្រើនដែលយើងព្រួយបារម្ភ គឺមិនពិតនោះទេ។ ព្យាយាមគិតថាលទ្ធផលដែលទំនងនឹងកើតឡើងជារឿងល្អ ប្រសើរជាជាងគិតតែរឿងរ៉ាវដែលអាក្រក់ៗ។

ទទួលយកភាពមិនច្បាស់លាស់ និងភាពមិនល្អឥតខ្ចោះ៖ ការផ្លាស់ប្តូរដ៏សំខាន់នៃការគិតរបស់អ្នក គឺការទទួលល្គាល់ថា ជីវិតគឺមិនអាចដឹងជាមុនបានទេ ហើយក៏គ្មានអ្វីដែលល្អឥតខ្ចោះដែរ។ នេះជាគន្លឹះក្នុងការបញ្ឈប់ការព្រួយបារម្ភ។

ត្រូវដឹងអំពីឥទ្ធិពលពីសង្គមខាងក្រៅ៖ អារម្មណ៍មនុស្សយើង ពិតជាមានផលប៉ះពាល់ពីសង្គមខាងក្រៅ ហើយអាចឆ្លងរាលដាលចូលក្នុងខ្លួនដោយមិនដឹងខ្លួន។ គួរដឹងថា ត្រូវចំណាយពេលប៉ុន្មាន ជាមួយមនុស្សដែលមានការព្រួបារម្ភ ព្រោះវាអាចមានផលប៉ះពាល់ដល់អារម្ភរបស់អ្នកបាន។

រស់នៅក្នុងបច្ចុប្បន្នកាល៖ ការព្រួយបារម្ភភាគច្រើនកើតមានឡើងពីការភ័យខ្លាចអំពីអនាគត ឬអតីតកាល ជាជាងការរស់នៅរបស់យើងបច្ចុប្បន្ន។ ផ្តោតលើបរិយាកាសដែលយើងកំពុងមាន ជាមធ្យោបាយដ៏ល្អក្នុងការបញ្ឃប់ការព្រួយបារម្ភ។ យើងមានវិធីសាស្ត្រមួយ គឺ “ឈប់, មើល, ស្តាប់” ។ នៅក្នុងវិធីសាស្រ្តនេះ នៅពេលដែលអ្នកកំពុងព្រួយបារម្ភ ត្រូវឈប់គិតសិន! ត្រូវដកដង្ហើមឲ្យវែងៗ ហើយមើលជុំវិញខ្លួនយើង រយៈពេល ៥នាទី ស្វែងយល់ព័ត៌មានលម្អិត។ រួចតាំងចិត្តគិតវាពិតជាអាចដោះស្រាយបាន នឹងដំណើរការបានល្អ។

ID: GI0003

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *