កសិកម្ម ចិញ្ចឹមសត្វមាន់

ភាគទី២ ការរៀបចំសម្ភារៈសម្រាប់ចិញ្ចឹម​មាន់

១.ទ្រុងកូន​មាន់

មុខងាររបស់ទ្រុងកូនមាន់ គឺជាប្រភេទទ្រុងមួយ សម្រាប់ដាក់កូនមាន់ដែលទើបញាស់ រហូតដល់អាយុ ១ខែ។ទ្រុងកូនមាន់មានសារៈសំខាន់សម្រាប់៖

  • ដាក់កូនមាន់ ដែលទើបនឹងញាស់ ទំហំ និងកំពស់ទ្រុងកូនមាន់
  • ការពារកូនមាន់ពីការបំផ្លាញរបស់សត្វចង្រៃ ដូចជា កណ្តុរ ពស់ ឆ្កែ ជាដើម
  • ងាយស្រួលធ្វើវ៉ាក់សាំង ងាយស្រួលផ្តល់ទឹក និងចំណីឲ្យគ្រប់គ្រាន់។

របៀបសង់ទ្រុងតូច

ទ្រុងកូនមាន់អាចសង់អំពីឈើ ឬស្សី និងសំណាញ់ ដោយអាស្រ័យលើធនធានដែលរកបាន។

  • ទ្រុងទំហំ ០.៨ម x ១.២ម អាចដាក់កូនមាន់ បានចំនួនពី ២០ ទៅ ៣០ ក្បាល
  • ធ្វើ ទ្រុងខ្ពស់ផុតពីដីយ៉ាងតិចបំផុតកំពស់ ០.៤ម និងតួទ្រុងកំពស់ ០.៥ម
  • នៅពេលអាកាសធាតុត្រជាក់ ឬពេលយប់ ត្រូវរុំ ជុំវិញទ្រូងកូនមាន់ ដោយប្រើក្រណាត់ ឬសំបក បាវ ដើម្បីរក្សាកំដៅកូនមាន់ ជាពិសេសកូនមាន់ ទើបនឹងញាស់។
  • ប្រើអង្កាមក្រាលបាតទ្រុង ដើម្បីរក្សាកំដៅកូន ឆ្នាំងដីសម្រាប់ដុតកំដៅកូនមាន់ មាន់ និង កុំឲ្យទ្រុងមានសំណើម។

ទ្រុងកួនមាន់

២ ទ្រុងមាន់ធំ

មុខងាររបស់ទ្រុងមាន់ធំ

ទ្រុងមាន់ធំ ជាជំរកសម្រាប់មាន់ និង ដេក នៅពេលយប់។ មានសារៈសំខាន់ សម្រាប់៖

  • កាត់បន្ថយការចម្លងជំងឺ និងកត្តាបំផ្លាញផ្សេងៗ
  • ការពារកំដៅ និង ទឹកភ្លៀង
  • ផ្តល់ជំរក សម្រាប់មាន់ដេកពេលយប់ ជាកន្លែង សម្រាប់មេមាន់ពង និងក្រាបពង
  • ងាយស្រួលសំអាត និងប្រមូលលាមកមាន់
  • ងាយស្រួលតាមដានសុខភាពមាន់ និងធ្វើវ៉ាក់សាំងជាដើម

ការជ្រើសរើសទីតាំងសង់ទ្រុងមាន់ធំ៖

  • ត្រូវសង់នៅកន្លែងដីទួល មិនលិចទឹក ប្រភេទទ្រុងមធ្យម
  • គួរសង់បែរទៅរកទិសដែលផ្តល់នូវ ពន្លឺព្រះអាទិត្យ ពេលព្រឹកគ្រប់គ្រាន់សម្រាប់មាន់ គួរសង់នៅកន្លែងមានខ្យល់ចេញចូលល្អ
  • គួរសង់នៅខាងក្រោយផ្ទះ និងឆ្ងាយពីផ្លូវធ្វើដំណើរ

សម្ភារៈសម្រាប់សង់ទ្រុងមាន់ធំ

ដើម្បីកាត់បន្ថយការចំណាយ កសិករគួរប្រើប្រាស់ធន ធានសម្ភារៈដែលមានស្រាប់ សម្រាប់សាងសង់ទ្រុងមាន់។

  • សសរ និងរបារទ្រុង៖ កូនឈើ ដើមឬស្សី ពីងពង់
  • ជញ្ជាំងទ្រុង៖ ធាងត្នោត ឬស្សី សំណាញ់
  • ដំបូល៖ ស្លឹកត្នោត ស្បូវ ស្លឹកដូង ចំបើង

ទំហំ និងរបៀបសង់ទ្រុងមាន់ធំ

  • សង់ទ្រុងមាន់ មានទំហំ ២.៥ម x ៦ម អាចដាក់មេ បាចំនួន ១០ក្បាល និងមាន់ជំទង់ចំនួន ៦០ក្បាល
  • មេដំបូលគួរមានកំពស់ ៣ម និងជើងរៀងរបស់ទ្រុង ផ្នែកខាងក្រោមនៃទ្រនើរ សម្រាប់មាន់លេង កំពស់ ១.៧ម
  • នៅខាងក្នុងទ្រុង កសិករគួរធ្វើទ្រនើរសងខាង កំពស់ ០.៨ម សម្រាប់មាន់ដេក និង រៀបចំដាក់សំបុក អោយផុតពីធ្នើរសម្រាប់មាន់ពង និង ក្រាបពង
  • ប្រើប្រាស់អង្កាមក្រាលបាតទ្រុង ដើម្បីការពារសំណើម និងងាយស្រួលសំអាត

៣ ទីធ្លាមានរបងព័ទ្ធជុំវិញ

ទីធ្លាមានរបងព័ទ្ធជុំវិញ គឺជាកន្លែងសម្រាប់មាន់កកាយ និងរត់លេងតាមទំលាប់របស់វា ក្នុងគោលបំណង មាន់មានសុខភាពល្អ។

សារៈសំខាន់នៃរបងព័ទ្ធជុំវិញ

ការរៀបចំទីធ្លាមានរបងព័ទ្ធជុំវិញ មានសារៈសំខាន់ដូចខាងក្រោម៖

  • កាត់បន្ថយការចម្លងជំងឺពីមាន់ដទៃទៀតនៅក្នុងភូមិ
  • ទីធ្លាចិញ្ចឹមអាចឲ្យមាន់កកាយ និងរកចំណីតាមទំលាប់របស់វា
  • ងាយស្រួលថែទាំ ជាពិសេសទីធ្លាដែលមានខ័ណ្ឌចែកតាមអាយុមាន់ខុសៗគ្នា ជួយកាត់បន្ថយការចឹកគ្នា ប្រសិនបើទីធ្លាមានខ័ណ្ឌចែកតាមអាយុមាន់ខុសៗគ្នា

ទ្រុងមាន់

សារៈសំខាន់ នៃដំណាំទ្រើង

  • ដំណាំទ្រើង ដូចជា ននោង ឬត្រឡាច អាចដាំគ្របពីលើទីធ្លាចិញ្ចឹមមួយផ្នែក ដើម្បីផ្តល់ជាម្លប់សម្រាប់មាន់ជ្រក។
  • ដំណាំបៃតង ដូចជា កន្ធំថេត ដំឡូងឈើ ជាដើម អាចដាំជុំវិញរបង និងសម្រាប់ជាម្លប់ផងដែរ។
  • ដំណាំទ្រើង និងដំណាំបៃតង អាចផ្តល់ជាបន្លែសម្រាប់មាន់ទៀតផង។

សម្ភារៈសម្រាប់រៀបចំទីធ្លាចិញ្ចឹមមាន់

ដើម្បីកាត់បន្ថយការចំណាយ កសិករគួរប្រើប្រាស់ធនធានមានស្រាប់ដូចជា៖

  • កូនឈើ ឬស្សី ពីងពង់ ធាងត្នោត ជាដើម សម្រាប់ធ្វើជាសម្ភារៈសង់របង
  • ដំណាំបៃតង រួមមាន ដើមដំឡូងឈើ កន្ធំថេត ជាដើម
  • អាចប្រើសំណាញ់នីឡុង ឬសំណាញ់ដែក ជាដើម

របៀបធ្វើ និងរៀបចំទីធ្លាមានរបងព័ទ្ធជុំវិញ

  • ទីធ្លាគួរមានទំហំយ៉ាងតិច ៥មx៦ម សម្រាប់ដាក់មាន់មេបាចំនួន ១០ក្បាល រួមទាំងមាន់តូច និងមាន់ជំទង់ប្រមាណ ៦០ក្បាល
  • ទីធ្លាត្រូវសង់នៅកន្លែងដីស្ងួត និងមិនលិចទឹក
  • ទីធ្លាចិញ្ចឹមមាន់ត្រូវស្ថិតនៅកន្លែងឆ្ងាយពីផ្លូវដើរ និងទឹកកខ្វក់
  • ទីធ្លាចិញ្ចឹមមាន់ត្រូវសង់កន្លែងមានខ្យល់ចេញចូលល្អ របងព័ទ្ធជុំវិញគួរមានកំពស់ ២ម
  • ដើម្បីកុំអោយមាន់ហើរចេញបាន ដើម្បីកាត់បន្ថយការចម្លងជំងឺ ដូចជាជំងឺគ្រុនផ្តាសាយបក្សី ជាដើម កសិករគួរធ្វើសំណាញ់គ្របពីលើទីធ្លាចិញ្ចឹមមាន់
  • ដើម្បីការពារបក្សីហើរចូល
  • ទីធ្លាចិញ្ចឹមគួរបែងចែកសម្រាប់មាន់ដែលមានអាយុខុសគ្នា ដូចទ្រុងមាន់ធំដែរ
  • ជើងក្រោមនៃរបងដែលប្រើសំណាញ់ ត្រូវដាក់របាំងឬស្សី ដើម្បីការពារការបំផ្លាញពីសត្វចង្រៃ និងឆ្កែជាដើម។

ទ្រុងមាន់

៤.ទស្សានាខ្សែវីដេអូ

អត្ថបទលេខ៖ កស០០០២

រក្សាសិទ្ធិដោយគេហទំព័រហូបបាយ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *