រឿងខ្លី

រឿង​អប់រំ​ខ្លី ​នារី

នារី គឺជាឈ្មោះកុមារីម្នាក់ដែលនាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ហើយនាងជាក្មេងកំព្រាឪពុក។ ក្រោយពីឪពុកនាងបានអនិច្ចកម្មដោយសារជំងឺមហារីកពោះវៀនធំ នាងរស់នៅជាមួយបងស្រីពីរនាក់និងម្តាយជរាម្នាក់ក្នុងរាធានីភ្នំពេញ។ នាងរៀនបានត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ។ដោយសារជីវភាពខ្វះខាត ធ្វើអោយនាងបោះបង់ការសិក្សាចោល ហើយជ្រើសរើសយកជំនាញជាជាងអ៊ុតសក់វិញ។

នាថ្ងៃចូលរៀនអ៊ុតសក់ដំបូង នារីមានអារម្មណ៍សប្បាយចិត្តណាស់ ព្រោះនាងបានជួបមិត្តភក្តិថ្មីៗជាច្រើនសុទ្ធសឹងតែជាក្មេងស្រីមានវ័យស្របាលនិងនាង។ ដោយសារតែការងារនេះជាចំណង់ចំណូលចិត្តរបស់នាងផង ទើបធ្វើអោយនារីខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រស្ទើរតែគ្មានពេលញ៉ាំបាយ។ នាងព្យាយាមរៀនទាំងពីការនិយាយទំនាក់ទំនងជាមួយអតិថិជន ការគ្រប់គ្រងភ្ញៀវ និងកិច្ចការស្រាលធ្ងន់ផ្សេងៗ។ អស់រយៈពេល២ឆ្នាំកន្លងផុតទៅក្នុងអាជីពជាជាងអ៊ុតសក់នោះ នារីទទួលបានចំណេះដឹង រួមទាំងជំនាញនិងបទពិសោធន៍យ៉ាងច្បាស់លាស់។ នៅក្នុងហាង នាងធ្វើជាមេជាងផងជាកូនជាងផងដោយគ្មានការរើសអើង កត្តាទាំងនោះហើយទើបធ្វើអោយម្ចាស់ហាង​និងមិត្តភក្តិរួមអាជីពស្រលាញ់រាប់អាននាងខ្លាំងណាស់។ ជាធម្មតា នារីតែងតែរៀបចំផែនការជីវិតរបស់នាងជាបន្តបន្ទាប់។ នាងចង់មានហាងអ៊ុតសក់ផ្ទាល់ខ្លួនមួយនៅឆ្នាំក្រោយ រួមទាំងមហិច្ឆតាចង់បើកជាហាងកែសម្ផស្សដ៏ធំមួយក្នុងរាធានីភ្នំពេញទៀត

ផង។ ក្នុងភាពយុវវ័យ នារីក៏មានសម្រស់និងការតុបតែងខ្លួនមិនអន់ដែរ មើលទៅសាច់សរខ្ចី ដូចត្រកួនឈ្លួកទឹក ចិញ្ចើមកោងដូចដងធ្នូ​ ផែនថ្ពាល់សាកសមនឹងចង្ការ បបូរមាត់ក្រហមព្រឿងៗ ធ្វើអោយទាក់ចិត្តបុរសកំលោះម្នាក់ជាកូនអ្នកមានជនបទមកបន្តកាសិក្សានៅភ្នំពេញ។ បុរសរូបសង្ហារម្នាក់នោះ ក្រោយពីបានបង្ហាញភាពហឺហានៃទឹកប្រាក់​និងរបស់ប្រើប្រាស់ទំនើបៗ បូករួមទាំងវោហារស័ព្ទញ៉ែញ៉ងមកលើនារីរាល់ថ្ងៃ ធ្វើអោយនាងបាក់ចិត្តស្រលាញ់​​ដកចិត្តមិនរួច ថែមទាំងផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯងថាបុរសនេះហើយគឺជាស្ពានចំលងនាង អាចផ្តល់នូវសេចក្តីសុខនិងធ្វើអោយនាងសំរេចក្តីប្រាថ្នាបានរហូតដល់ដាក់ចិត្តដាក់កាយជ្រុលខ្លួនប្រាណ រំលងប្រពៃណីដោយមិនខ្វាយខ្វល់និងពាក្យនិន្ទាពីអ្នកជិតខាងឡើយ។ តែការំពឹងទុកនោះបែរជាផ្ទុយស្រលះមិនបានប៉ុន្មានឆ្នាំផងក្រោយពេលបានខ្លួននារីឆ្អែតឆ្អន់ ហើយ​បុរសសង្ហារតែសំបកក្រៅ តែខាងក្នុងស្អុយរលួយនោះបានបង្កើតទំនាស់រករឿងប្រច័ណ្ឌរាល់ថ្ងៃគ្មានហេតុផលច្បាស់លាស់ដើម្បីរកលេសចែកផ្លូវជាមួយនាង។ ដោយហេតុនាងនៅក្មេងរងនិងការឈឺចាប់ផ្លូវចិត្តខ្លាំងពេក នាងទ្រាំលែងបានក៏សំរេចចិត្តចែកផ្លូវគ្នាជាមួយប្រុសព្រាន បន្សល់ទុកនូវកូនប្រុសកំព្រាឪពុកម្នាក់ផងដែរ។

 

ភាពឈឺចាប់ភាពអាម៉ាស ពាក្យមើលងាយពីមជ្ឈដ្ឋានសង្គមបានធ្វើឲ្យនារីស្ទើរតែបញ្ចប់ជីវិតខ្លួនឯងទៅហើយដោយសារតែមានការប្រឹក្សាយោបល់ល្អៗពីមិត្តសំឡាញ់ បូករួមជាមួយឥទិ្ធពលនៃភាពឈឺចាប់ទាំងអស់នេះ ធ្វើអោយនារីមិនព្រមចុះចាញ់ព្រំលិខិត មិនផ្តេកផ្តួលតាមព្រេងវាសនា បានភ្ញាក់ខ្លួនដើរចេញពីស្រមោលដ៏ខ្មៅងងឹតនេះ។ នាងបានកត្រាភាពឈឺចាប់ទាំងឡាយរក្សារទុកក្នុងខួរក្បាលរបស់នាងយ៉ាងស្ងប់ស្ងាត់បំផុតនិងសន្យាខ្លួនឯងថា មិនមានលើកទីពីរទៀតឡើយ។ នារីបានចាប់ផ្តើមថ្ងៃថ្មី ជីវិតថ្មីជាមួយអាជីពចាស់របស់នាងម្តងទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃ នាងចាប់ផ្តើមមានភាពរឹងពឹង ​បញ្ហាផ្លូវចិត្តនិងដើមទុនអតិថិជនក៏ទទួលស្គាល់ស្នាដៃដ៏ប៉ិនប្រសប់របស់នារីភាពរីកចំរើននិងគោលដៅក៏កាន់តែជិតមកដល់ ធ្វើអោយនាងកាន់តែមានថាមពល នាងបន្តស្វែងយល់និងរៀនបន្ថែមនូវចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនិងមុខជំនាញរបស់នាងរហូតដល់បើកបានហាងកែសម្ផស្សមួយតាមផែនការ​ដែលនាងបានកំណត់ ហើយទទួលបានការកំទ្រយ៉ាងពេញទំហឹងពីភ្ញៀវគ្រប់ទិសទីក្នុងប្រទេស។

តំលៃអប់រំ:

១) រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយទាំងអស់ បើសិនជាយើងព្យាយាមរិះរកមធ្យោបាយដោះស្រាយវា កុំគេចវេសពីបញ្ហាអី បើជួបវាហើយ ដោះស្រាយវាទៅ សូមកុំយកភាពឈឺចាប់ធ្វើជាលេស​ ហើយបណ្តោយខ្លួនអោយលិចលង់ក្នុងភពខ្មៅងងឹតទៀតអី«កុំដេកឈឺចាប់ក្នុងរឿងអតីតកាល ចូរយកខួរក្បាលមកគិតរឿងបច្ចុប្បន្ន និងអនាគតវិញប្រសើរជាង»។

២) សូមកុំភ្លេចសុភាសិតមួយឃ្លាថា កុំទំមុនស្រគាល ដើម្បីរក្សាភាពប្រពៃណីល្អរបស់ខ្មែរ។

សរសេរដោយ: សំណាង (សាច់រឿងនេះជាប្រវត្តិជោគជ័យរបស់នារីម្នាក់)។

ប្រភពអត្ថបទ​ និងរក្សាសិទ្ធិ គេហទំព័រ ហូបបាយ (www.hopubys.com)

Leave a reply

Your email address will not be published. Required fields are marked *