គន្លឹះជីវិត និស្សិតឆ្នើម

អ្វីដែល​គួរធ្វើ និង​មិនគួរធ្វើ​ពេល​សម្ភាសន៍ការងារ

ពេល​សម្ភាសន៍ការងារសូមប្រុងប្រយ័ត្នចំពោះអាកប្បកិរិយារបស់អ្នក ព្រោះវាសំខាន់ណាស់ដើម្បីធានានូវចំណាប់អារម្មណ៍ល្អនូវគ្រាដំបូងដែលជួបអ្នកសម្ភាសន៍។ ដើម្បីជោគជ័យទទួលបានការងារធ្វើនោះ គេហទំព័រហូបបាយ www.hopbuys.com សូមបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ។

អ្វីដែលអ្នកគួរធ្វើ៖

  • សូមស្លៀកពាក់សម្លៀកបំពាក់ឲ្យត្រូវស្ថានភាព៖ ត្រូវច្បាស់ថា អ្នកដឹងពី សំលៀកបំពាក់សម្រាប់ការងារនៅការិយាល័យ (Office)។ អ្នកអាចសួរ បុគ្គលិកធនធានមនុស្សបាន មុនពេលសម្ភាសន៍ដើម្បីដឹងពីអ្វីដែលអ្នកគួរតែពាក់នៅថ្ងៃនោះ។

សម្ភាសន៍ការងារ

  • យកប្រវត្តិរូបសង្ខេប(CV) និង សញ្ញាបត្រសំខាន់ៗតាមខ្លួនអ្នក៖ ក្រុមហ៊ុន ឬអង្គការ ប្រាកដជាបានទទួលនូវឯកសារដាក់ការងាររបស់អ្នក តែក្នុងករណីអ្នកសម្ភាសន៍ មិនមានវា ហើយគេត្រូវការមើលបន្ថែម អ្នកអាចយកវាមកបញ្ជាក់បាន។
  • កាយវិការក្នុងពេលសម្ភាសន៍៖ ត្រូវដឹងអំពីរបៀបដែលអ្នកកំពុងធ្វើកាយវិការ ក្នុងអំឡុងពេលសម្ភាសន៍ ពីព្រោះកាយវិការ ឥរិយាបថ ដូចជាការសំលឹង អង្គុយ និងប្រើដៃជាសញ្ញាខ្លះៗ វាអាចចាប់យកចំណាប់អារម្មណ៍អ្នកដែលកំពុងធ្វើការសម្ភាសន៍អ្នក។ សូមចងចាំថា គួរអង្គុយឱ្យត្រង់និងសមរម្យ ។

សម្ភាសន៍ការងារ

  • ការឆ្លើយសំណួរ៖ អ្នកសម្ភាសន៍នឹងសួរសំណួរដែលទាក់ទងទៅនឹងរបៀបដែលអ្នកធ្វើការងារ (Professionalism)។ ត្រូវមានភាពស្មោះត្រង់និងផ្តល់ចម្លើយពិត ហើយមិនមែនជាការឆ្លើយដោះសារ ឬឲ្យតែរួចខ្លួនទេ។
  • សូមទៅឲ្យទាន់ពេល ឬមុនម៉ោង៖ ទៅឲ្យដល់មុនកំណត់ ពី ១០ ទៅ១៥ នាទី សម្រាប់ការសំភាសន៍។ បើអ្នកទៅលឿនពេក វាអាចធ្វើឱ្យអ្នកធុញក្នុងការចាំ ហើយរាងឆ្គងបន្តិច តែបើយឺតវិញ គឺដឹងតែពិបាកហើយ។
  • ត្រៀមសំណួរសម្រាប់អ្នកសម្ភាសន៍៖ អ្នកត្រូវធ្វើការត្រៀមសំណួរល្អៗមួយចំនួន ដើម្បីសួរអ្នកសំភាសន៍នៅចុងបញ្ចប់។ សូមយកចិត្តទុកដាក់ក្នុងការសម្ភាសន៍ ដូច្នេះអ្នកនឹងមានសំណួរទាក់ទងនឹងអ្វីដែលប្រធានជួលបុគ្គលិក(Hiring Manager)កំពុងនិយាយអំពី។ នេះបង្ហាញថាអ្នក ជាអ្នកស្ដាប់យ៉ាងសកម្ម ហើយពូកែ។

សម្ភាសន៍ការងារ

  • សូមផ្ញើសារអ៊ីម៉ែលអគុណ៖ សូមផ្ញើសារអគុណ បន្ទាប់ពីការសម្ភាសន៍ចប់ហើយ។ នេះគឺជាអ្វីដែលត្រូវបានគេកោតសរសើរដោយអ្នកជ្រើសរើសបុគ្គលិក។

អ្វីដែលអ្នកមិនគួរធ្វើ៖

  • កុំគិតថាការសម្ភាសន៍ចប់ គ្រាន់តែគេឈប់សួរសំណួរអ្នក៖ ការសម្ភាសន៍នឹងបន្តរហូតដល់អ្នកដើរចេញពីទ្វារការិយាល័យ។ ដូច្នេះត្រូវប្រយ័ត្នចំពោះឥរិយាបថនិងពាក្យសម្ដីរបស់អ្នក។
  • កុំបញ្ចេញឫកពារលំហែពេក៖ អ្នកសម្ភាសន៍ អាចមានអាកប្បកិរិយាបែបណាជារឿងរបស់គេ។ តែអ្នកមិនគួរធ្វើដូចពួកគេឡើយ។ អ្នកនៅតែព្យាយាមធ្វើខ្លួនឲ្យសមរម្យ និងបង្កើតចំណាប់អារម្មណ៍ល្អជានិច្ច។

សម្ភាសន៍ការងារ

  • កុំមាត់អាក្រក់ពីការងារចាស់របស់អ្នក៖ អ្នកសម្ភាសន៍ជ្រើសរើសបុគ្គលិក គឺមិនមានភាពចាំបាច់ដឹងពីរឿងនោះឡើយ។ ការនិយាយអាក្រក់ពីកន្លែងចាស់របស់អ្នក មិនត្រឹមតែមានអារម្មណ៍អវិជ្ជមានប៉ុណ្ណោទេ ថែមទាំងធ្វើឱ្យខូចវិជ្ជាជីវៈរបស់អ្នកទៀត។
  • កុំធ្វើខ្លួនជាអ្នកមិនត្រៀមទុកជាមុន៖ អ្នកគួរតែច្បាស់ណាស់ ហើយត្រូវស្រាវជ្រាវក្រុមហ៊ុន ឬអង្គការដែលអ្នកត្រូវទៅសម្ភាសន៍។ ធ្វើដូច្នេះ អ្នកអាចបង្កើតចម្លើយរបស់អ្នកឱ្យសមនឹងប្រភេទបេក្ខជនដែលពួកគេកំពុងតែស្វែងរក ហើយបង្ហាញថាអ្នកឧស្សាហ៍ព្យាយាម និងអ្នកស្រាវជា្រវទុកជាមុន។
  • កុំសូញសាញប្រាក់បៀវត្សន៍ឬអត្ថប្រយោជន៍៖ យល់ស្របថាវាគឺជាកត្តាដ៏សំខាន់សម្រាប់អ្នក ប៉ុន្តែរង់ចាំសិន រហូតដល់អ្នកត្រូវបានទទួលការងារ ឬដំណាក់កាលចរចារប្រាក់ខែសិន។ អ្នកសម្ភាសន៍ បុគ្គលិក ចង់ដឹងពីអ្វីដែលអ្នកអាចធ្វើសម្រាប់ក្រុមហ៊ុនគេបាន មិនមែនអ្វីដែលក្រុមហ៊ុនគេ ត្រូវធ្វើសម្រាប់អ្នកនោះទេ។
  • កុំនិយាយកុហក៖ កុំនិយាយកុហកឲ្យសោះ។ ប្រសិនបើគេរកឃើញ នោះនឹងបំផ្លាញឱកាសរបស់អ្នក ក្នុងការទទួលបានការងារ។ ជាទូទៅ ភាពស្មោះត្រង់ គឺជាគោលការណ៍ដ៏ល្អបំផុត។
  • កុំនិយាយអំពីបញ្ហាផ្ទាល់ខ្លួនរបស់អ្នក៖ បើអ្នកនិយាយថា ខ្ញុំចង់បានការការងារដើម្បីបានប្រាក់ទៅសងប្រាក់កម្ចី បង់ថ្លៃសាលាកូន ឬអ្វីផ្សេងៗទៀត។ អ្នកជ្រើសបុគ្គលិកគេមិនចង់លឺអំពីបញ្ហាទាំងនោះទេ ទោះបីខំបង្ហាញថា អ្នកស្មោះត្រង់ក៏ដោយ ។ អ្នកនឹងត្រូវបានជាប់ការងារ គឺដោយផ្អែកលើគុណសម្បត្តិ សក្តានុពលសម្រាប់ភាពជោគជ័យ និងអ្វីដែលត្រូវនឹងការងាររបស់អ្នក មិនមែនដោយសារការអាណិតអាសូរឡើយ។ អ្វីផ្សេងទៀត វាគ្រាន់តែជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ។

សម្ភាសន៍

អត្ថបទលេខៈ គល០០១១

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *